#សួស្តីអ្នកកំពង់ធំ #ប្រាសាទគុកនគរ ...

កំពង់ធំ ៖ ប្រាសាទគុកនគរ មានទីតាំងស្ថិតនៅក្នុងទឹកដីភូមិត្រដក់ ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលមានចម្ងាយផ្លូវ៩៦គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដែលប្រាសាទបុរាណដ៏ល្អវិចិត្រមួយនេះ បន្ទាប់ពីធ្វើការអភិរក្សយ៉ាងគត់មត់ ក្រោមការគ្រប់គ្រងអភិរក្សដោយឆ្មាំការពារប្រាសាទ ខាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ ហើយរយៈកាលកន្លងមកនេះ ឃើញថាកំពុងទទួលបានការចាប់អារម្មណ៍ឡើងវិញពីសំណាក់ក្រុមអ្នកទេសចរជាតិ និងអន្តរជាតិចូលទៅទស្សនាជាហូរហែ។ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំប្រាប់ឲ្យដឹងទៀតថា ប្រសិនបើភ្ញៀវទេសចរមកពីភ្នំពេញមានបំណងចង់មកទស្សនាប្រាសាទគុកនគរនោះ នៅពេលធ្វើដំណើរតាមផ្លូវជាតិលេខ៦ ហួសព្រំប្រទល់ខេត្តកំពង់ចាម ចូលដល់ទឹកដីខេត្តកំពង់ធំ ដល់ផ្សារតាំងគោក យើងនឹងបានឃើញខ្លោងទ្វារវត្តមួយឈ្មោះថា«វត្តគុកនគរ» នៅខាងឆ្វេងដៃ រួចបន្តដំណើរចូលតាមខ្លោងទ្វារវត្តនោះ ប្រហែលជា២គីឡូម៉ែត្រទៀត លោកអ្នកនឹងបានទៅដល់ប្រាសាទគុកនគរ ដែលស្ថិតនៅក្នុងបរិវេណនៃវត្តគុកនគរតែម្ដង ដោយប្រាសាទនេះមានទ្រង់ទ្រាយប្រហាក់ប្រហែលគ្នានឹងប្រាសាទទន្លេបាទី ដែលកសាងឡើងអំពីថ្មបាយក្រៀម ក្នុងសតវត្សទី១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១។ លោក សេង អាន បញ្ជាក់ថា ប្រាសាទគុកនគរ ជាប្រាសាទបុរាណមួយដ៏ល្អនៅខេត្តកំពង់ធំដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរ ជាពិសេសភ្ញៀវអន្តរជាតិទៅទស្សនា និងសិក្សាស្វែងយល់បន្ទាប់ពីប្រាសាទសំបូរព្រៃគុហ៍ និងតំបន់ទេសចរណ៍ភ្នំសន្ទុក ប្រាសាទនេះកំពុងត្រូវបានយកចិត្តទុកដាក់ថែរក្សាការពារពីអាជ្ញាធរភូមិ/ឃុំ/ស្រុក គណៈកម្មការវត្តឆ្មាំការពារប្រាសាទ និងមន្ទីរវប្បធម៌វិចិត្រសិល្បៈខេត្តកំពង់ធំ ហើយប្រាសាទគុហគរ ត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ក្នុងសតវត្សទី១១ តាមរចនាប័ទ្មឃ្លាំង ដោយប្រាសាទនេះកសាងឡើងនៅលើដីរាបស្មើលើខឿនតែមួយ រាងចតុកោណកែង ធ្វើអំពីថ្មបាយក្រៀម និងថ្មភក់ បែរមុខទៅទិសខាងកើតមានកំផែង ព័ទ្ធជុំវិញលាតសន្ធឹងពីកើតទៅលិច មានបណ្ដោយ៤៥ម៉ែត្រ និងទទឹង៣៥ម៉ែត្រ ព័ទ្ធជុំវិញដោយរបងថ្មបាយក្រៀម ដែលមានកម្ពស់៣ម៉ែត្រ និងចែកចេញជា៣ផ្នែក ដោយផ្នែកទី១-មានកម្ពស់៨ម៉ែត្រ ,ផ្នែកទី២-មានកម្ពស់១២ម៉ែត្រ និងផ្នែកទី៣-មានកម្ពស់១៥ម៉ែត្រ។ លោកបញ្ជាក់ទៀតថា នៅខាងកើតប្រាសាទមានស្ពានហាលមួយ ដែលក្រាលដោយថ្មបាយក្រៀម ឆ្លងកាត់ស្រះ ដែលមើលទៅស្រះនេះហាក់ដូចជាគេជីកព័ទ្ធជុំវិញប្រាសាទ តែក្រោយមកត្រូវបានលុបដើម្បីយកទីធ្លាសម្រាប់កសាងវត្តទៅវិញ ដូច្នេះហើយ បានជាគេមើលទៅឃើញថាតួប្រាសាទទាំងមូលហាក់ស្ថិតនៅក្នុងទីធ្លារបស់វត្ត ដោយកាលដើមឡើយនៅខាងមុខប្រាសាទនេះមានស្រះមួយយ៉ាងធំ ដែលទប់ទំនប់ព័ទ្ធជុំវិញ ហើយមានស្ពានហាលមួយពីទិសខាងលិចស្រះ ត.ភ្ជាប់ពីតួប្រាសាទឆ្លងកាត់ស្ពានហាលនេះ តែបច្ចុប្បន្ននេះ ទំនប់ស្រះ តួស្រះ និងទីធ្លាព័ទ្ធជុំវិញក្បែរៗនោះ ត្រូវបានក្លាយជាវាលកប់ខ្មោចទៅហើយ។ យោងតាមឯកសារដែលបានចងក្រងទុកបានឲ្យដឹងថា ប្រាសាទគុកនគរនេះ មានគោបុរៈ(ទ្វារឆ្លងកាត់កំពែងប្រាសាទ)ចំនួន៣ ដោយគោបុរៈខាងកើតកម្ពស់៩ម៉ែត្រ មានទ្វារចូលចំនួន៣កន្លែង គឺទ្វារកណ្ដាល មានលក្ខណៈតូចចង្អៀត ហើយងងឹតបន្តិច និងមាននៅសងខាងចំនួន២ទៀត។ គោបុរៈខាងលិច មានទំហំតូច មានទ្វារ១ចូលទៅខាងក្នុង តែមិនអាចចេញវិញ ទៅខាងក្រៅបានទេ និងគគោបុរៈខាងត្បូង អែបជាប់នឹងព្រះវិហារ មិនស្ថិតនៅចំកណ្ដាលកំពែងទេ មានទ្វារចូលពីប្រាសាទទៅខាងក្នុង តែមិនអាចចេញខាងក្រៅកំពែងបានទេ មានតែចង្អូរមួយដែលគេចោះទម្លុះជញ្ជាំងទៅខាងក្រៅ សម្រាប់បង្ហូរទឹកមន្តនៅពេលគេធ្វើពិធីស្រោចទឹកនៅលើលិង្គ(ស្ថាណាទ្រោនី)។ ចំណែកឯនៅចំកណ្ដាល មានប៉មខ្ពស់ទោលមួយ មានបន្ទប់ និងយ៉យ៉ាងវែង ចេញទៅទិសខាងកើត ហើយនៅចំពីមុខមានសសរពេជ្ររាង៨ជ្រុងនៅសងខាង និងនៅផ្នែកខាងលើនៃសសរពេជ្រ មានតុបតែងជាក្បាច់ខ្លួននាគព័ទ្ធកោង ដោយបញ្ចេញក្បាលទៅខាងពាំផ្កាចន្ទន៍។ នៅលើសសរពេជ្រនេះ មានផ្ដែរមួយផ្ទាំង រចនាដោយក្បាច់ផុសល្អវិចិត្រ។ នៅចំកណ្ដាលផ្ដែរនោះ មានរូបព្រះឥន្ទ្រ ជិះដំរីក្បាល៣ ឯតួប៉មកណ្ដាលនេះ ត្រូវបានគេតុងតែងលំអ ចាប់ពីក្រោម រហូតដល់ខាងលើ និងនៅខាងលើ កំពូលមានក្បាច់ត្របកឈូកច្រើនជាន់ដែលតំណាងឲ្យចក្កវាឡទាំងមូល។ នៅក្បែរតួប៉ម ទិសអាគ្នេយ៍ ក្បែរគោបុរៈខាងកើត មានហោត្រៃទោលមួយ (បណ្ណាល័យ)ធ្វើអំពីថ្មបាយក្រៀម បែរមុខទៅទិសខាងលិចបញ្ច្រាសទិសប្រាសាទ មានកម្ពស់មធ្យម សង់លើខឿនកម្ពស់១ម៉ែត្រ៕ ...

អត្តបទ: កាសែត កម្ពុជាថ្មី ទីតាំងថត៖ ប្រាសាទគុកនគរ រូបថត៖ ក្រុមទេសចរខ្មែរ

Comments

Popular posts from this blog

តើការប្រើម្រាមដៃទាំង១០សំពះគេខុសឫ. . . ?

ប្រវត្តិ​ពាក្យ​ថា "លុយ​"​ របស់​ខ្មែរ មាន​ប្រភព​មកពីណា​?